Wednesday, November 13, 2013

កីឡាល្បុក្កតោ

អ្នកស្រុកខ្លះហៅថាបុកកាតោ ព្រោះមានលក្ខណៈបុកបុះ។ អ្នកខ្លះទៀតហៅសំបុកកាតោ ព្រោះជា កីឡាមួយប្រភេទដែលមានភាពសម្បូរដោយការប្រមូលផ្តុំនូវក្បាច់ព្រមទៅដោយស្នៀត។

ចំពោះវចនានុក្រមសម្តេចសង្ឃ ជួន ណាត លោកពន្យល់ថា៖ ដំបងខ្លីមួយប្រភេទសំរាប់កាន់អបផ្ទាប់នឹងកំភួនដៃ ជាគ្រឿងការពារដំបងរងដំបងវែង ឬ បុកបុះ ការពារខ្លួន។ ឈ្មោះស្នៀតគុនដែលមានល្បុក្កតោ ជាគ្រឿងការពារ គុនល្បុក្កតោ(ច្រើនមានតែក្នុង សម័យបុរាណ)។
បច្ចុប្បន្ននេះ កីឡាករល្បុក្កតោមាននៅតាមជនបទក្នុងទូទាំងប្រទេសតិចតួចណាស់។ ប៉ុន្តែគេសង្កេតឃើញមានច្រើនជាងគេ នៅខេត្រពោធិសាត់។ កីឡាករទាំងអស់នោះ បានបង្ហាញ និង បញ្ជាក់នូវភាពដូចគ្នាខ្លះៗ និង ភាពប្លែកៗគ្នាខ្លះដែរ។ សរុបសេចក្កីល្បុក្កតោនេះ ជាកីឡា មួយ  ប្រភេទដែលមានលក្ខណៈសំយោគគ្រប់ស្នៀតនៃក្បួនកីឡារបស់ខ្មែរ ដូចជា កីឡាប្រដាល់សេរី ចំបាប់ គុន ដំបង ជាដើម។ នៅពេលប្រយុទ្ធគេអាចប្រើដៃទទេរ ឬ អាវុធ ផ្សេងៗមាន៖ ដាវ (ខ្លី វែង) លំពែង ដំបង (ខ្លី វែង ហើយ មានមួយឬពីរ) កាំបិតស្នៀត (មានមុខពីររាងដូចព្រះខ័ន តួហនុមានកាន់រាំក្នុងល្ខោនខោល និង ល្ខោនក្បាច់បុរាណ) កាំបិតផ្គាក់ ...។ ប៉ុន្តែ បើគេមិនចង់ប្រើអាវុធដើម្បីកុំអោយសំញែងក្នុងពេលធ្វើដំណើរ គេកាន់ដើមឬស្សី ពីងពង់មួយជំហរខ្លួន ដងរែក ឬ ដើមអំពៅ ដែលមានភាពរឹងមាំប្រវែងប្រហែលមួយម៉ែត្រ តែប៉ុណ្ណោះក្នុងការការពារខ្លួន។ ប្រសិនបើគ្មានអ្វីសោះ ក្បួនកីឡាល្បុក្កតោ ក៏អាចអោយកីឡាករមានស្នៀតបង្ក្រាបសត្រូវបានដែរ គឺដោយសារក្បួនទំងន់ដៃ ឬ កំឡាំងជើង។

លំហាត់ដែលត្រូវហាត់មានក្បាច់ច្រើន ដែលប្រកបទៅដោយស្នៀតលំអិតយ៉ាងច្រើនថែមទៀត។ គេត្រូវខិតខំតស៊ូឆ្លងកាត់ចំពោះការលំបាកទាំងអស់នោះ ឈានពីមួយដំណាក់ដើម្បីឡើងទៅមួយដំណាក់ទៀត ដោយមិនងាយបញ្ចប់អស់ជាស្ថាពរបានឡើយ។

លំហាត់ទាំងអស់នោះមានជាអាទិដូចតទៅ៖

  • លំហាត់ហែលទឹកអោយបានស្ទាត់ ហើយបង្កើនល្បឿន និង ចម្ងាយពីមួយថ្ងៃទៅមួយថ្ងៃទៀតជានិច្ច។
  • លំហាត់ឡើងដើមត្នោតចុះឡើងអោយបានរហ័ស ហើយច្រើនដងក្នុងមួយថ្ងៃដោយមិនប្រើបង្អោង។
  • លំហាត់ដើរទាលើដី ដែលដាក់ដុំថ្មរដិបរដុប ហើយគេចនិងដុំថ្មទាំងអស់នោះអោយបានរហ័ស។ បន្ទាប់មកត្រូវមានលីដុំថ្មធំៗ ឬ ជញ្ជួនទៅមកៗទៀតផង។
  • លំហាត់ជើង ដោយយកម្រាមចង្អុល និង ម្រាមមេជើងមក ប្រមុំអោយជាប់ស្អិតគ្នា ហើយបុកនិងដើមត្នោត ឬ ដើមដូង។ ការហាត់របៀបនេះយូរទៅអាចបុកដើមចេកធ្លុះកប់ជ្រៅ ឬ បុក បន្ទះក្តារបែកធ្លាយបាន។
  • លំហាត់ជើងម្យ៉ាងទៀត ដូចដែលយើងតែងឃើញគេហាត់តទល់ដោយកាច់ដៃគ្នានោះ ល្បុក្កតោក៏គេមានហាត់ដែរ ព្រមដោយយកជើងតទល់គ្នាទៀត។ ជើងដែលបានតទល់គ្នានេះគេបានដាក់ផ្លែស្លាត្រង់ចំហៀងកំភួនជើង។ ម្នាក់ៗប្រឹងតទល់កុំអោយដៃ និង ជើងផ្អៀងចាញ់គូប្រយុទ្ធនោះ បានបណ្តាលអោយកន្លែងដាក់ផ្លែស្លានោះ មានស្នាមក្រិនរហូតជាងសាមសិបឆ្នាំហើយនៅមិនទាន់រលុបទៀត។
  • លំហាត់អង្គុយជំហម ត្រូវផ្លាស់ប្តូរជើងម្តងឆ្វេងទៅមុខ ម្តងស្តាំទៅមុខ ឬ ទៅចំហៀងឆ្វេងស្តាំ តាមបញ្ជាគ្រូស្រែកអោយប្តូរ ដោយប្រើពាក្យថាៈ ៉ចាក់! ងើប! ៗ ៉ ពីយឺតទៅលឿនអោយទាន់ចង្វាក់។

លំហាត់ប្រើខ្លួនប្រាណ ដៃជើង ភ្នែក មានច្រើនបែបទៀត។ គេអាចប្រើប្រអប់ដៃសំរាប់កាច់បំបាក់ ឬ ខោកបំបែកតាមក្បួនបានតាមបំណងប្រាថ្នា គឺអាចអោយត្រឹមសន្លប់ ឬ ឆ្កួតលីលា ឬ រហូតដល់បាត់បង់ជីវិតបាន។

ចំពោះលំហាត់កាន់អាវុធមានជាអាទិដូចតទៅ៖
ជាបឋមត្រូវហាត់កាន់ដំបងប្រវែងមួយព្យាមដំរី នៃមនុស្សដែលត្រូវហាត់ដោយដៃទាំងពីរក្តាប់កាន់ត្រង់ចំនុចជិតចុងដំបងរត់បណ្តើរដំបង ឬ ដើរតាមក្បាច់។ បន្ទាប់មកកាន់ផ្នែកកណ្តាលហាត់បង្វិលនិងគ្រវី។ ក្បាច់ជាបន្តកាន់ចុងដំបងវាយរងមុខ រងក្រោយ រងចំហៀង ឆ្វេងស្តាំ ...។

ក្បាច់ដំបងនេះ គេចាប់កាត់ម្តងមួយគក់ៗនៃអ្នកហាត់ដើម្បី ឈានឡើងមួយដំណាក់ៗជាបន្តបន្ទាប់ រហូតនៅសល់ប្រវែងពីរគក់ ដែលមានប្រវែងស្មើដាវខ្លី ឬ កាំបិតផ្គាក់។ នៅដំណាក់កាលចុងក្រោយនៃការកាន់អាវុធនេះ គេត្រូវកាត់ដំបងមួយគក់ទៀត ដែលមានប្រវែងស្មើពូថៅ និង កាំបិតស្នៀត។ពូថៅជាអាវុធនេះ គេកាន់ចំកណ្តាលដង ឬ កៀកផ្លែពូថៅដើម្បីងាយស្រួលកាប់ ឬ ការពារការវាយតបរបស់សត្រូវ។ ឯកាំបិតស្នៀត គេកាន់មកកៀកផ្លែ ដើម្បីទុកដងការពារស្មងដៃ។ ជួនគេកាន់ក្តាប់ដង ដោយសំយុងមុខចុះមកអបផ្ទាប់នឹងកំភួនដៃ មានលំនាំដូចហនុមាន កាន់រាំក្នុងសម័យឥលូវនេះ ដើម្បីងាយស្រួលចាក់ ហើយលើកដៃបង្អូសឆូតសាច់សត្រូវ។

ក្នុងអាវុធមួយៗ គេហាត់តាមគ្រប់ក្បួនទៅមុខហៅថាទ្វារមួយ។ ទៅមុខហើយទៅក្រោយហៅថាទ្វាពីរ បន្ទាប់មកបន្ថែមទៅឆ្វេងទៅស្តាំហៅថា ទ្វារបួន។ នៅពេលអាចហក់ចេញទៅគ្រប់ទិសទាំង៨ ហៅថាទ្វារ៨។ ឯក្បាច់ល្អិត មានស្នៀតអាចសៀតគ្រប់ចន្លោះហើយអាចថែមទៅលើមកក្រោមបានទៀត ហៅថាទ្វារ១២។ ក្នុងទ្វានិមួយៗនេះ គេជីរណ្តៅហក់លោតអោយផុតទៀត ដូចជាទ្វារមួយមានរណ្តៅខាងមុខមួយ ទ្វារពីរបន្ថែមមួយពីក្រោយទៀត ដរាបដល់មានរណ្តៅគ្រប់ទិសទី ដែលគេហក់លោតផុតជុំវិញខ្លួនគេបាន។

លំហាត់ស្តាប់សូរ សិស្សស្ទាត់ជំនាញ គេអាចស្តាប់បានដោយច្បាស់លាស់ណាស់ ទោះបីសម្រិបជើង ឬ ស្នូរស្លឹកឈើបក់ក៏ដោយ។ លំហាត់សូរដំបូង គេអោយដេកក្រោមក្អមភ្ជួរដាក់ទឹក ដោយមានចោះរន្ធសំរក់ទឹកអោយចាប់ ដោយកុំអោយទឹកធ្លាក់លើមុខបាន និងប្រើភ្នែកសំលឹកកុំអោយព្រិច។ នៅពេលស្ទាត់ហើយ គេលែងអោយមើលដោយអោយរៀនស្តាប់សូរចាប់វិញ។ បន្ទាប់ទៀត គេព្យួរក្អម ដោយបង្កើនចំនួនពីតិចទៅច្រើន ហើយចោះរន្ធមានតូចមានធំអោយប្រឹងស្តាប់សូររួចស្ទុះចាប់ដំនក់ទឹកចុះដល់ដី...។ លំហាត់ស្តាប់សូរនេះមានប្លែកៗទៀត ដូចជាគ្រូលួចគប់ដុំដី ឬ របស់ផ្សេងៗ ហើយអោយយើងចាប់អោយបាន។

ក្នុងពេលកំពុងហាត់រៀន គ្រូបានផ្សំថ្នាំអោយអង្គុយត្រាំក្នុងពាងមានរយៈពេលពី ១ម៉ោង រហូតដល់ ៨ម៉ោង តាមដែលអាចស៊ូទ្រាំបាន ដោយបង្កើនពេលជាបណ្តើរៗ។ ជាមួយគ្នានោះគ្រូក៏បានផ្សំថ្នាំសំរាប់អោយផឹកដែរ គឺដើម្បីអោយសាច់គង់។ នៅពេលប្រមើលមើលយល់ឃើញថា អាចកាប់បានហើយគេសាកកាប់។ ប្រសិនបើនៅតែដាច់មុខនោះ គ្រូមានថ្នាំព្យាបាលរបួស និង ផ្សំថ្នាំអោយផឹកបន្តទៀត។ គេផឹកជារៀងរហូតលុះត្រាតែសាច់គង់កាប់មិនមុត។ ស្នៀតដ៏ច្រើនបានបង្កើតហើយនោះ តែងត្រាប់តាមការប៉ិនប្រសប់នៃសត្វខ្លះ ហើយដាក់ឈ្មោះតាមនោះ ដូចជា៖ ស្នៀតក្រពើហា ស្វាផ្លោះ ស្វាហក់ ខ្លាក្រាប ពស់បើកវែក ក្រញ៉ាំគ្រុឌ ឥន្ទ្រីសំកាំង កុកចាំចឹកត្រី ខ្លែងឆាប នាគលេងទឹក នាគពាំកែវ ព្រហ្មមុខបួន ហនុមានថ្វាយបង្គំគ្រូ ...។ល។

ការប្រកួតច្រើនប្រព្រឹត្តនៅលើធ្លាខ្សាច់ ឬ លើវាលស្មៅ។ គេមិនប្រើប្រដាប់ការពារលិង្គទេ ព្រោះកីឡានេះជាសំបុកស្នៀតមានភាពជិតល្អណាស់។ ពេលប្រកួតយើងច្រើនសង្កេតឃើញថាគេប្រើកាយវិការទាបៗ តែបើសភាពការផ្តល់អោយ គេហក់លើកជើង វាត់បានរហូតក្បាលគូប្រយុទ្ធទៀត។ ក្នុងឪកាសប្រយុទ្ធនេះ មានភ្លេងលេងកំដរបទផ្លែង។

ចំពោះសំលៀកបំពាក់ នារីពាក់អាវសន្ទះរលុង ស្លៀកខោត្រឹមក្បាលជង្គង់ ក្រវាត់ក្រមានៅចង្កេះអោយតឹង ដើម្បីរវាស។ សក់កាត់ខ្លី ឬ ក្របួចចង់អោយខ្លី ហើយចងក្រណាត់ជាតីពណ៌ក្រហម ត្រង់ក្លៀក និង សន្លាក់កែងដៃ ដើម្បីអោយហាប់ និង រវាសដែរ។ ឯបុរសវិញក៏រៀបចំដូចគ្នាដែរតែគេអាចមិនពាក់អាវបាន ហើយស្លៀកខោខ្លី និង កាត់សក់យ៉ាងខ្លីជាទីបំផុត។ នៅពេលប្រយុទ្ធពីភូមិមួយ ទៅ ភូមិមួយ គេអាចប្រើក្រណាត់ពណ៌ផ្សេងទៀតបានដែរ មានពណ៌ស ខៀវ ខ្មៅ ... ដើម្បីជាការងាយស្រួលចំណាំ។

មរតកនៃក្បួនកីឡាល្បុក្កតោមានច្រើនណាស់ តែមិនសូវមានកីឡាករណាហាត់បានចប់សព្វគ្រប់ទេ ព្រោះដោយសារសង្គ្រាមដែលចេះតែរំខានដំណើរការ។ ម្យ៉ាងទៀតការហាត់រៀនចេះហើយនោះ មិនអាចចេញផលជាមុខរបរចិញ្ចឹមជីវិតបានទេ គឺគេហាត់សំរាប់តែការពារខ្លួន ឬ ភូមិស្រុករបស់គេតែប៉ុណ្ណោះ។ឯពេលវេលា ត្រូវគេពលី និង ឆ្លៀត ដោយចិញ្ចឹមចិត្តក្នុងការតស៊ូភាពលំបាកជានិច្ចទៀត។ គេច្រើនជួបជុំគ្នាហាត់បាន តែនៅវេលារាត្រីនៃខែភ្លឺប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជាបច្ចុប្បន្ននេះ កីឡាករល្បុក្កតោមិនសូវចេះក្បួនខ្នាតច្រើនដូចៗគ្នាទេ។ នៅភូមិខ្លះ ចេះស្នៀតនេះ ខ្លះចេះស្នៀតនោះ ដែលបានបន្សល់តពីជំនាន់មួយមកជំនាន់មួយ ហើយគេតែងហៅកីឡាល្បុក្កតោដូចគ្នា។
(អត្ថបទដកស្រង់ចេញពីសៀវភៅ ៉តន្ត្រីនិងជីវិតខ្មែរ៉ របស់អ្នកស្រី កែវ ណារុំ)

ប្រភេទតែងសេចក្តី និងប្រភេទលក្ខណៈតែងសេចក្តី

-គេចែកការតែងសេចក្តីជាប្រាំប្រភេទដូចជា ៖
  1. តែងសេចក្តីទូទៅ
    ជាតែងសេចក្តីដែលដកពីតថភាពទូទៅក្នុងជីវភាព។
  2. តែងសេចក្តីបែបចរិយាសាស្ត្រ
    ជាការតែងសេចក្តីដែលដកស្រង់ពីសុភាសិត ច្បាប់ និងពាក្យស្លោកផ្សេងៗ។
  3. តែងសេចក្តីបែបអក្សរសិល្ប៍ជាការតែងសេចក្តីដែលដកស្រង់ពី ស្នាដៃអក្សរសិល្ប៍ និងទ្រឹស្តីអក្សរសិល្ប៍ផ្សេងៗ។
  4. តែងសេចក្តីបែបទស្សនៈវិជ្ជា
    ជាតែងសេចក្តីដែលដកពីទស្សនៈវិជ្ជា និងទស្សនៈរបស់ពួកទស្សនៈវិទូផ្សេងៗ។
  5. តែងសេចក្តីបែបប្រវត្តិ និងភូមិសាស្ត្រ
    ជាតែងសេចក្តីដកពីមេរៀនប្រវត្តិ និងភូមិសាស្ត្រនានា៕
 -ប្រភេទលក្ខណៈតែងសេចក្តីចែកជាពីរកំរិត៖ 
១. កំរិតទាប
ក. ពណ៌នា៖
• តួអង្គ
• សត្វ

• មនុស្ស
• ធម្មជាតិ
• រឿង (ឧ.ទឹកជំនន់...)។
ខ. រឿងនិទាន៖
បង្ហាញដោយ៖
• សង្ខេប
• តំលៃរឿងគឺជាស្នាដៃអក្សរសិល្ប៍ (ឧ.រឿងចចក និងកំពឹស...)។
គ. សំបុត្រ៖
• សំបុត្រសួរសុខទុក្ខ
• សំបុត្រផ្តល់ពត៌មាន
• សំបុត្ររដ្ឋបាល...។
ឃ. សុភាសិត
រកន័យ៖
• សុភាសិត (អត្ថានុរូប)
• ន័យធៀប (អត្ថាបដិរូប)
២. កំរិតខ្ពស់
(អត្ថាធិប្បាយ និងអត្ថាវែកញែក)
ក. ប្រធានពន្យល់
ខ. ប្រធានពិភាក្សា

(និទស្សន៍)
និក្ខេបបទ។

និពន្ធ​ដោយ ហោ កែវមយូរ៉ាដូ 

ប្រវត្តិប្រពៃណី ថ្វាយបង្គំ និងសំពះខ្មែរ

គ្រប់ប្រជាជាតិដែលមានអារ្យធម៌និងវប្បធម៌ តែងមានរបៀបឬប្រពៃណី នៃការគោរពគ្នាទៅវិញទៅមក ដោយឡែកៗពីគ្នា ដូចជា សំពះ ចាប់ដៃ ងក់ក្បាល លំអោនកាយ លើកដៃស្ទាបទ្រូង ឬ យកដៃ ទៅស្ទាបស្មាអ្នកដែលខ្លួនគោរព...។ល។
តែរបៀប ឬប្រពៃណីនៃការគោរពនីមួយៗ គឺផ្អែកលើ​មូលដ្ឋានវប្បធម៌ ទំនៀមទំលាប់ ចរិកលក្ខណៈ ឬ មូលដ្ឋានសាសនារបស់ជនជាតិនោះ។ នៅទីនេះ សូមអនុញ្ញាតមិនធ្វើអត្ថាធិប្បាយ អំពីរបៀបគោរពនៃជនជាតិដទៃឡើយ តែសូម​សាកល្បង​ធ្វើការសិក្សា ស្រាវជាវ និងបកស្រាយត្រួសៗ អំពីរបៀបគោរពតាមបែបខ្មែរ ទុកជូនជាចំណេះដឹង សំរាប់ស្រាវជ្រាវបន្តទៅថ្ងៃក្រោយ។
ការគោរពរបស់ខ្មែរ សំដែងចេញតាមរយៈរូបភាពពីរ ទីមួយគឺតាមរយៈពាក្យសំដី និងទីពីរ តាមរយៈកាយវិការ។ ការគោរពតាមរយៈពាក្យសំដី យើងមិនអាចកំណត់ថាមានប៉ុន្មានបែប ប៉ុន្មានយ៉ាងបាននោះឡើយ គឺអាស្រយ័ដោយសមត្ថភាព និង ចំណេះដឹងរបស់ម្នាក់ៗ បកស្រាយ​ទៅតាមកំរិតយល់ដឹង និងមនោសញ្ចេតនាផ្ទាល់ខ្លួន។
រីឯការគោរពតាមរយៈកាយវិការ គឺជាទង្វើមួយ ដែលគេអាចមើលឃើញដូច្នេះវាទាមទារ​អោយមាន​រូបភាពសមរម្យ និងទទួលស្គាល់ជាទូទៅពីជំនាន់មួយទៅជំនាន់មួយ។
សង្គមមនុស្សមានវណ្ណៈនិងឋានៈ។ ហេតុនេះការគោរពគ្នា ក៏ត្រូវបានបែងចែកទៅ​តាមវណ្ណៈ​និងឋានៈផងដែរ។
ការគោរពរបស់ខ្មែរបកស្រាយតាមន័យ និង រូបភាពងាយយល់គឺ "ការថ្វាយបង្គំ និង សំពះ" ដែលស្មេរ សូមសន្មតហៅថា"ប្រពៃណីថ្វាយបង្គំ និង សំពះខ្មែរ"។ តាមការសិក្សាស្រាវជ្រាវ គេអាចសន្និដ្ឋានបានថា ការថ្វាយបង្គំ ឬសំពះខ្មែរ គឺផ្តើមចេញពីមូលដ្ឋាននៃសាសនា។
ព្រះពុទ្ធសាសនាត្រូវបានផ្សព្វផ្សាយនៅប្រទេសខ្មែរតាំងពីពុទ្ធសតវត្សទី៣ មកម្លេះ និងចេះតែវិវត្ត​ទៅតាមដំណើរប្រវិត្តសាស្ត្រនៃប្រទេសជាតិរហូតមកដល់សព្វថ្ងៃ ហើយក៏បានក្លាយទៅ​ជា​សាសនារដ្ឋ​ដែលមានប្រជាជនភាគច្រើន(ជាង៩០ភាគរយ) ប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន។ ក្នុងរាល់ពិធីពុទ្ធសាសានាផ្សេងៗ ពុំបានទាមទារចាំបាច់ នូវដង្វាយ គ្រឿងសក្ការៈ ឬ ទេយ្យវត្ថុអ្វី​ដែលថ្លៃថ្នូរ ខ្ពង់ខ្ពស់ ក្រៅពីផ្កាមួយទង ឬ មួយបាច់នោះឡើយ។ ក្នុងពិធីសូត្រមន្ត ឬ ទេសនា​ណាមួយ វត្ថុចាំបាច់ដែលត្រូវមាន គឺរូបដែលជាតំណាងនៃព្រះពុទ្ធអង្គ និង ផ្កាមួយថូជាការគ្រប់​គ្រាន់​ទៅហើយ។ ចំពោះផ្កានោះទៀតសោត ពុទ្ធសាសនិកជនទូទៅច្រើនតែនិយមយកផ្កាឈូក​សំរាប់ថ្វាយព្រះពុទ្ធអង្គ។ រីឯផ្កាឈូកដែលល្អបំផុត គឺផ្កាឈូកក្រពុំ។
ប្រហែលជាផ្អែកលើមូលដ្ឋាននេះឯង(ផ្កាឈូកបូជាព្រះ) ទើបសាសនិកជនកំណត់យក នូវកិរិយា​ប្រណម្យបង្គំ និង សំពះព្រះពុទ្ធ ដោយផ្គុំបាទដៃទាំងពីរចូលគ្នា មានសណ្ឋានដូច"ឈូកក្រពុំ" ជានិមិត្តរូបនៃគ្រឿងសក្ការៈបូជាដល់ព្រះពុទ្ធ សន្មត់ទុកជា "កិរិយា" គោរពដ៏ស្មោះស្មគ្រ័ និងខ្ពង់​ខ្ពស់​បំផុត។ ហើយចំណេរ តរៀងមក ប្រជាជនដែលជាពុទ្ធសាសនិកជនទាំងនោះ ក៏បានឆ្លៀត​ទាញយកប្រយោជន៍ពី "កិរិយាបង្គំសំពះ"នេះ មកសំដែងមនោសញ្ចេតនា នៃការគោរពគ្នាទៅវិញ​ទៅមក "ហើយបន្តិចម្តងៗ កាយវិការនៃការសំពះ" ក៏បានក្លាយទៅជាប្រពៃណីនៃការគោរពគ្នា ក្នុងចំណោមពុទ្ធសាសនិកជនទូទៅ ដែលយើងតែងសង្កេតឃើញ ប្រជាជននៅតាមបណ្តាប្រទេស ដែលនិយមកាន់ព្រះពុទ្ធសាសនា ដូចជាប្រទេសកម្ពុជា ឥណ្ឌា ភូមា ឡាវ ថៃ សិរីលង្កា បង់ក្លាដេស ចិន ... ជាដើម តែងគោរពគ្នាដោយសំពះ។
ក្រោយពីពុទ្ធសាសនិកជនទាំងនោះ ព្រមទទួលយកនូវកិរិយា "បង្គំសំពះ" នេះហើយ កាយវិការ​នៃការបង្គំសំពះ ក៏ចាប់ផ្តើមអភិវឌ្ឍន៍គុណភាពរបស់ខ្លួន ទៅតាមដំណើរជីវភាពសង្គម នៃជនជាតិ​និមួយៗ រហូតដល់មានរូបភាពខុសប្លែកគ្នា ទៅតាមការនិយមនិងសន្មត់រៀងៗខ្លួន។
និពន្ធ​ដោយ សំបូរ 

វិធីសាស្ត្រធ្វើស្រែតាមរបៀបកសិករខ្មែរ

ភាគច្រើននៃប្រជាជនខ្មែរជាកសិករ។ ហើយវិធីសាស្រ្តក្នុងការធ្វើស្រែរបស់កសិករយើងបានបង្រៀនតកូនតចៅពីជំនាន់មួយទៅជំនាន់មួយទៀត។ ខ្ញុំសូមលើកយកនូវវិធីសាស្រ្តធ្វើស្រែរបស់កសិករនៅខេត្តតាកែវមកបង្ហាញជូនតាមរយៈបទពិសោធន៍ផ្ទាល់របស់ខ្ញុំ


វីធីសាស្រ្ត

  1. លើកភ្លឺដើម្បីទប់ទឹក
  2. យកជីអាចមន៍គោទៅដាក់នៅស្រែ រាយអោយពេញស្រែ)មុនពេលភ្ជួរដាស់ស្រែ
  3. បង្ហូរទឹកដាក់អោយពេញស្រែ
  4. ចាប់ផ្តើមភ្ជួរ។ បន្ទាប់ពីភ្ជួរត្រូវផ្អាប់ទុករយៈពេលប្រហែលកន្លះខែរហូតដល់ដីឡើងផុស។
  5. រើសមើលគ្រាប់ពូជស្រូវ តើចង់ធ្វើស្រូវស្រាល(អាចហៅថាស្រូវកន្លះ) ឬ ស្រូវធ្ងន់។ ធម្មតាស្រូវស្រាលអាចប្រមូលផលក្នុងរយៈពេលប្រហែលបីខែ, ឯស្រូវធ្ងន់វិញ ទាល់តែប្រហែលប្រាំមួយខែទើបអាចប្រមូលផលបាន។
  6. យកគ្រាប់ពូជទៅដាក់ត្រាំទឹកពីឬបីថ្ងៃដើម្បីអោយវាដុះពន្លកចេញមក
  7. ពិនិត្យមើលបរិមាណទឹកនៅក្នុងស្រែសិន។ បើទឹកច្រើនពេកត្រូវបើកទឹកបង្ហូរចេញសិន ដោយហេតុថាកាលណាទឹកច្រើនពេកគ្រាប់ពូជស្រូវរាយមិនស្មើសាច់ដី, វាអាចនិងអណ្តែតប្រមូលផ្តុំគ្នាម្តុំៗ។ កំរិតទឹកគួរតែល្មមត្រឹមសើមជោកដីជាផុកប៉ប៉ាច់ៗ
  8. បន្ទាប់មកទៅរាស់ភ្ជួរដីស្រែ ឡើងវិញរួចរាស់ដីស្រែអោយម៉ត់
  9. ខណ្ឌ័រងដោយនង្គ័លដើម្បីសាបព្រោះ ។ រងនីមួយៗអាចយកទំហំប្រហែលមួយម៉ែត្រកន្លះ។
  10. គ្រាប់ពូជដែលបានត្រាំទឹកនិងដុះចេញជាពន្លកហើយនោះ និងមានឬសដុះកណ្តាញ់ជាប់គ្នា។ អ្នកត្រូវត្រសុសវាអោយដាច់ឬសចេញពីគ្នាជាមុនសិនមុននិងយកទៅសាបព្រោះ។ ធ្វើបែបនេះដើម្បីកុំអោយពេលសាបព្រោះវានៅម្តុំៗជាប់គ្នា។ បន្ទាប់មកយកគ្រាប់ពូជនោះទៅព្រោះលើរងដែលបានរៀបចំទុកហើយ។
  11. ទុករយៈពេលកន្លះខែទៅមួយខែទៅតាមប្រភេទស្រូវ សំខាន់ដើម្បីអោយវាដុសចេញមកអោយបានប្រវែងប្រហែលជាងមួយតឹក
  12. មុនពេលដកសំណាបត្រូវរៀបចំដីស្រែសំរាប់ស្ទូង។ ដូចខាងលើជំហានទីមួយ ដល់ទីបួន។
  13. ចាប់ផ្តើមដកសំណាប ចងជាកណ្តាប់ៗ។ កាត់ចុងសំណាប រួចត្រាំទឹកទុករយៈពេលពីថ្ងៃដើម្បីអោយឬសវារឹងមាំសិន។
  14. ភ្ជួររាស់ស្រែម្តងទៀត រួចយកសំណាបដែលបានផ្អាប់ទុកពីរថ្ងៃនោះទៅស្ទូង
  15. ថែទាំស្រែជាប្រចំា ពិនិត្យទឹកកុំអោយច្រើនហួសពេកឬតិចពេក , បោចស្មៅ, ដាក់ថែមជីប្រសិនបើស្រូវអន់
  16. នៅពេលស្រូវចេញដង្ហើម(ឬថាស្រូវផើមរៀបនិងចេញគួរ) ជាពេលសំខាន់ មិនត្រូវអោយមានទឹកច្រើនពេកនៅក្នុងស្រែ ហើយក៏មិនត្រូវគោកព្រោះស្រូវអាចស្កក
  17. នៅពេលស្រូវទុំត្រូវបង្ហូរទឹកចេញពីឬបីថ្ងៃមុនពេលច្រូតកាត់
ដោយ ជិន សៅ (និស្សិតឆ្នាំទីបី ផ្នែកវិទ្យាសាស្រ្តសេដ្ជកិច្ច)

Thursday, February 23, 2012

ការអប់រំ


ការអប់រំគឺជារបៀបមួយសំរាប់ផ្តល់តំរិះវិជ្ជានឹង​ប្រពៃណី​សំរាប់កុមារនៅក្នុងសង្គមមួយ។
ការអប់រំ ជាវិធីចាត់ចែងបណ្តុះបណ្តាលនិងបង្រៀនបណ្តាអ្នករៀន។ អប់រំជាការអនុវត្តនៃគរុកោសល្យ, អង្គមួយនៃការស្រាវជ្រាវទ្រឹស្តីនិងជាក់ស្តែងទាក់ទងនឹងការបង្រៀននិងការរៀន។ វាប្រើប្រាស់លើមុខវិជ្ជាផ្សេងៗ ដូចជាចិត្តវិទ្យា, ទស្សនវិទ្យា, វិទ្យាសាស្ត្រកុំព្យូរ័រ, ភាសាវិទ្យា, ប្រសាទវិទ្យា, សង្គមវិទ្យា និងមនុស្សវិទ្យា ការសិក្សា​ចាត់ទុកជាផលិតផល​ឬ ដំណើរការ និង​ ចាត់ទុកក្នុងន័យទូលាយ ឬ បច្ចេកន័យ នេះបើយោងទៅតាមទស្សនវិទូសិក្សាសាស្ត្រលោកGeorge F.Kneller ក្នុងន័យទូលាយ ការសិក្សាសំដៅដល់សកម្មភាព ឬ បទពិសោធន៍ណាមួយដែលមានផលស្ថាបនាចិត្តគំនិត អត្តចរិត ឬ សមត្ថភាពផ្លូវកាយរបស់មនុស្សម្នាក់ៗបាន ក្នុងបច្ចេកន័យ ការសិក្សា បានដល់ ដំណើរការដែលសង្គមបណ្តុះបណ្តាលចំណេះដឹង គុណតម្លៃ និង ទក្ខភាព(ជំនាញ)យ៉ាងល្អិតល្អន់​ដែលមរតកវប្បធម៌របស់សង្គមនោះ ពូនសន្សំមក​ពីជំនាន់មួយ ទៅជំនាន់មួយតាមរយៈសាលារៀន សាលាសិក្សា មហាវិទ្យាល័យ និង វិទ្យាស្ថានដទៃៗទៀត ។

Wednesday, December 2, 2009

ពិធីបុណ្យចូលឆ្នាំខ្មែរ

មនុស្សគ្រប់ជាតិសាសន៍តែងប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំថ្មី គេនិយមកំណត់ពេលវេលានិងរៀប​ចំ​បុណ្យនេះ​​ប្លែកៗគ្នាស្របទៅតាមជំនឿ ទំនៀមទំលាប់ និងប្រពៃណីរបស់គេ។ ជនជាតិខ្មែរយើងបាននាំគ្នាធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលរៀងរាល់ឆ្នាំរហូតមក។
បុព្វហេតុដែលនាំអោយបញ្ចប់ឆ្នាំចាស់ហើយចូលឆ្នាំថ្មីនេះ ដោយអ្នកខ្លះមានជំនឿតាម​រឿងព្រេងមួយដែលមានសេចក្តីជាអាទិ៍ថា «កបិលមហាព្រហ្ម» បានចោទប្រស្នា ៣ខ ដល់​ធម្មបាលកុមារ ជាកូនសេដ្ឋីដែលបានរៀនចប់នូវត្រៃវេទ និងចេះភាសាបក្សីទាំងពួង​ហើយបាន​សន្យាថា បើដោះស្រាយមិនរួចទេនឹងកាត់ក្បាល ធម្មបាលទាល់ប្រាជ្ញា ប៉ុន្តែទីបំផុតបាន​ស្តាប់​សត្វឥន្ទ្រីញីឈ្មោល សន្ទនាគ្នាអំពីប្រស្នានោះទើបបានយល់ហើយដល់ថ្ងៃកំណត់ក៏បានឆ្លើយថា ៖ ខទី១៖វេលាព្រឹកសិរីសួស្តីស្ថិតនៅមុខ ទើបមនុស្សត្រូវយកទឹកលុបមុខ។ ខទី២៖វេលាថ្ងៃត្រង់សិរីសួស្តីស្ថិតនៅទ្រូង ទើបមនុស្សត្រូវយកទឹកមកលាងទ្រូង។ ខទី៣៖វេលាល្ងាចសិរីសួស្តីស្ថិតនៅជើង ទើបមនុស្សត្រូវយកទឹកលាងជើង។
កបិលមហាព្រហ្មត្រូវកាត់ក្បាលបូជា ធម្មបាលកុមារ ហើយអោយកូនស្រីទាំង៧នាក់យក​ពានមក​ទទួលក្បាល រួចហើយកូនច្បងហែរប្រទក្សិណភ្នំព្រះសុមេរុ ៦០នាទី ទើបយកទៅទុកក្នុងមណ្ឌល​នៅក្នុងគុហា គន្ធមាលី នៃភ្នំកៃលាស។ លុះគំរប់ឆ្នាំ សង្ក្រាន្ត ទេពធីតាទាំង៧ ក៏ផ្លាស់វេនគ្នា​ហែរក្បាល កបិលមហាព្រហ្ម ប្រទក្សិណ ភ្នំព្រះសុមេរុរាល់ៗឆ្នាំរហូតមក។ ហេតុនេះហើយបានជាមានសង្ក្រាន្ត ឬទំនៀមដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីនេះ។ អ្នកខ្លះទៀតមានជំនឿថា ក្នុងរវាង១ឆ្នាំដែលរស់នៅជួនកាលគេជួប្រទះចង្រៃឧបទ្រព ជួនកាល​មាន​ជំងឺប្រចាំកាយ ជួនកាលទៀតបានប្រព្រឹត្តអំពើសៅហ្មងផ្សេងៗជាដើម។

លុះផុតឆ្នាំចាស់នេះទៅគេធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ ដើរលេងអោយសប្បាយឲអស់កង្វល់​អោយបាត់នឿយហត់ រួចទើបចាប់ផ្តើមសាងជីវភាពថ្មីឲបានជួបប្រទះសុភមង្គលគ្រប់ប្រការ និងអាយុយឺនយូរតទៅមុខទៀត។ តាមទំនៀមទំលាប់ពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន៣ថ្ងៃ។
ថ្ងៃដំបូងជាថ្ងែមហាសង្ក្រាន្ត ថ្ងៃទី២ជាថ្ងៃរណបត ថ្ងៃទី៣ជាថ្ងៃឡើងស័ក។ ឯការកំណត់ថ្ងៃខែម៉ោង នាទី ដែលឆ្នាំចាស់ត្រូវផុតកំណត់ហើយដែលទេពតាឆ្នាំថ្មី ត្រូវចុះមកទទួលតំណែងពីទេពតា​ឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់ដោយអាស្រ័យក្បួនហោរាសាស្ត្រតាមបែបបុរាណ គឺក្បួនមហាសង្គ្រាន្តនេះឯង។
នៅប្រទេសកម្ពុជា តើថ្ងៃចូលឆ្នាំថ្មីត្រូវលើខែណា? ថ្ងៃណា? ចាប់ពីត្រឹមសម័យនគរធំឡើងទៅ ខ្មែរយើងប្រើចន្ទគតិ(វិធីដើរនៃព្រះចន្ទ) ទើបកំណត់យកខែមិគសិរ ជាខែចូលឆ្នាំ ហើយជាខែទី១ នៃខែកត្តិកជាខែទី១២។ លុះក្រោយមក ទើបគេនិយមប្រើសុរិយគតិ (វិធីដើរនៃព្រះអាទិត្យ) ជាសំខាន់វិញហើយកំណត់ចូលឆ្នាំក្នុងខែចេត្រ (ខែទី៥) ដែលជាដើមឆ្នាំកំណត់ ព្រះអាទិត្យចូល​កាន់​មេសរាសី ឯថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៤ នៃខែមេសា (ចែត្រ) រៀងរាល់ឆ្នាំប៉ុន្តែយូរៗ​ទៅប្រហែលជាមានភ្លាត់ម្តងៗចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ។ មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា «សាមញ្ញសង្ក្រាន្ត»(ព្រះអាទិត្យ​ដើរ​ត្រង់​ពីលើក្បាលជាសង្ក្រាន្ត)។ ឯមហាសង្ក្រាន្ត ដែលប្រើរបៀបគន់គូរតាមចន្ទគតិ ហៅថា «អាយន្តសង្ក្រាន្ត»(ពេលដែលព្រះអាទិត្យដើរ បញ្ឆៀងមិនត្រង់ពីលើក្បាលសង្ក្រាន្ត)។ គេនៅប្រើចន្ទគតិអែបនឹងសុរិយគតិដែរ ព្រោះចន្ទគតិមានទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិជាច្រើន។ ចំណែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិមិនបានទៀងជាថ្ងៃណាមួយទេ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលទៀតក្មុងវេលារនោចទៅវិញ ប៉ុន្តែនៅក្នុងរវាង១ខែ គឺមិនមុនថ្ងៃ៤កើតខែចែត្រ និងមិន​ហួសថ្ងៃ៤កើត ខែពិសាទទេ ដូចនេះឃើញថាសង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាទក៏មាន។
ក្រៅពីនេះ យើងមានឯកសារខ្លះទៀតដែលបញ្ជាក់ថា ខ្មែរយើងប្រារព្ធពិធីចូលឆ្នាំនៅខែចេត្រ ដូចអត្ថបទរបស់លោក ជីវតាក្វាន់ថានៅខែចែត្រខ្មែរយើងបានធ្វើបុណ្យដោយមានលេងល្បែង​ចោលឈូងផង។ ឯសិលាចារឹតនៅប្រាសាទព្រះខាន់ ក៏បានចែងថា ខ្មែរបានធ្វើបុណ្យក្នុង​ខែចេត្រដែរ។
ចំពោះពិធីផ្សេងៗក្មុងឱកាសទទួលឆ្នាំថ្មី ខ្មែរយើងបានរៀបចំ​តាម​​ប្រពៃណី​ដូចតទៅនេះ៖ នៅពេលមុនចូលឆ្នាំ គេនាំគ្នាប្រុងប្រៀបរកស្បៀងអាហារ សំអាតផ្ទះសំបែង កាត់សំលៀក​បំពាក់ថ្មីៗ​​ជាដើម។ ថ្ងៃចូលឆ្នាំមកដល់គេរៀបចំពលិការចាំទទួលទេវតាថ្មីដែលមានជាអាទិ៍ៈទៀន៥ ធូប៥ ផ្កា លាជ៥ បាយសី៥ ថ្នាក់១គួ បាយសីបាក្លាម១គួ ស្លាធម៌១គួរ ស្លាបារី១ពាន ផ្កាផ្លែឈើ។ លុះរណ្តាប់រៀបរួចស្រេចហើយ គេនាំកូនចៅអង្គុយជុំគ្នានៅជិតកន្លែងរៀបពលិកានោះ ហើយអុជ​ទៀន​ធូបបន់ស្រន់សុំសេចក្តីសុខចំរើនគ្រប់ប្រការពីទេព្តាថ្មី រួចនាំគ្នាសូត្រនមស្ការបង្គំព្រះ​ហើយ​បែកគ្នាទៅ។ ឯពិធី៣ថ្ងៃនៃថ្ងៃចូលឆ្នាំនោះគឺ៖
ថ្ងៃទី១ គេយកចង្ហាន់ទៅប្រគេនព្រះសង្ឈនៅវត្ត។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារឫជុំវិញដើមពោធិណាមួយក្នុងវត្តនោះ។ នៅពេលព្រលប់គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃនិមន្តលោកចំរើនព្រះបរិត្ត និងសំដែង​ធម្មទេសនា។
ថ្ងៃទី២ កូនឫចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ដល់អ្នកមានគុណមានឪពុកម្តាយ​ជីដូនជីតា​ជាដើម។ គេធ្វើទានដល់អ្នកបំរើអ្នកក្រីក្រឯទៀត។ ពេលរសៀលគេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយ​សូត្រធម្ម​​អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់​ទុកដូច​ចូឡាមណីចេតិយ ហើយនិមន្ត​ព្រះសង្ឃ​ប័ង្សុកូលចេតិយ បញ្ជូនមគ្គផលវញ្ញាណក្ខន្ធ​បងប្អូន​ដែលបាន​​ស្លាប់ទៅហើយ។
ថ្ងៃទី៣ ពេលព្រឹកនិមន្តព្រះសង្ឈឆ្លងភ្នំខ្សាច់។ ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក(តាមការនិមន្តនៃស្រុកខ្លះ) និងស្រង់ព្រះពុទ្ធរូប។
នៅក្នុងឱកាសចូលឆ្នាំនេះ បណ្តាជននាំគ្នាលេងល្បែងប្រជាប្រិយកំសាន្តជាច្រើនដូចជា លេង​បោះឈូង បោះអង្គុញ ទាញព្រ័ត្រ មានរបាំត្រុដិ (ច្រើននៅបាត់ដំបង សៀមរាប) ជាដើម។


គេហទំពរព័ត៌មានផ្សេងៗ

គេហទំព័រព័ត៌មានកម្សាន្ត

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

គេហទំព័របទចម្រៀងថ្មីៗ